Friday, November 18, 2016

ពូជស្រូវកណ្តាល​ ខា១


ពូជស្រូវ “ខា១” ជាពូជស្រូវកណ្តាលដែលបានធ្វើការរំដោះ និងផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជានាឆ្នាំ ១៩៩៥ ។ បច្ចុប្បន្នពូជស្រូវកណ្តាល “ខា១” បាននឹងកំពុងពេញនិយមក្នុងចំណោម ប្រជាកសិករនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយពូជស្រូវនវផ្តល់នូវទិន្នផលខ្ពស់ ។
លក្ខណៈពិសេសៗរបស់ពូជស្រូវ “ខា១”
ពូជស្រូវកណ្តាល “ខា១” ជាពូជស្រូវប្រាកាន់រដូវមធ្យម ។ វាចាប់ចេញផ្កាក្នុងកំឡុចថ្ងៃទី ០២-០៩ខែវិច្ឆិកា អាស្រ័យទៅលើអាកាសធាតុ និង ពេលវេលាដាំដុះ ។ កំពស់ដើមរបស់ពូជស្រូវ “ខា១” ប្រែប្រួលពី ១៣០-១៨០ស.ម និង ចំនួនដើមបែផ្តល់ផល គឺចាប់ពី ៨-១០ដើមក្នុងមួយគុម្ព អាស្រ័យទៅតាមប្រភេទដី ។ ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ១១០-១៥០គ្រាប់ និង មានប្រវែងកួរ ២០-២៥ស.ម ។ រីឯទិន្នផលរបស់វាវិញ គឺអាចទទួលបានចាប់ពី ២,៥តោន ទៅ ៤,០តោន ក្នុងផ្ទៃដី ១ហិចតា ។ ពូជស្រូវ “ខា១” មិនធន់ទៅនឹងមមាចត្នោតទេ។
វិធីសាស្រ្តដាំដុះ
សម្រាប់ស្រូវសន្ទូង ចំពោះតំបន់ដែលងាយរងគ្រោះរាំងស្ងួត និងទឹកជំនន់បរិមាណគ្រាប់ពូជដែលប្រើប្រាស់ គឺពី ៦០-៨០គីឡូក្រាមក្នុងមួយហិចតា ។ ចំពោះតំបន់ដែលគ្រប់គ្រងទឹកបានបរិមាណគ្រាប់ពូជដែលប្រើប្រាស់គឺពី ៣០-៤០គីឡូក្រាម ក្នុងមួយហិចតា ។ ក្នុងករណីដែលគ្រាប់ពូជសុទ្ធ និងមានសុខភាពល្អ ព្រមទាំងគ្រប់គ្រងទឹកបាន និងថែទាំបានល្អបរិមាណគ្រាប់ពូជដែលត្រូវការក្នុងមួយហិចតា គឺពី១៥-២០គីឡូក្រាម។ដើម្បីឲសំណាបដុះលូតលាស់ធំធាត់ល្អ គេត្រូវសាបគ្រាប់ពូជមួយគីឡូក្រាមលើផ្ទៃដីថ្នាល២០ម៉ែត្រការ៉េ ។ទីសំណាបត្រូវធ្វើនៅជិតប្រភពទឹក តែត្រូវឆ្ងាយពីម្លប់ព្រៃ ឬកន្លែងមានភ្លើងអគ្គិសនីដើម្បីជៀសវាងការបំផ្លាញពីសត្វល្អិតចង្រៃ ។ ជាការល្អ គួរស្ទូងសំណាបដែលមានអាយុ ២៥-៣០ថ្ងៃ ហើយក្នុង១គុម្ពចំនួន ២-៣ដើម។ សម្រាប់ស្រូវពង្រួស ចំពោះតំបន់ដែលងាយរងគ្រោះរាំងស្ងួត និង ទឹកជំនន់ បរិមាណគ្រាប់ពូជដែលប្រើប្រាស់គឺពី១០០-១៥០គីឡូក្រាម ក្នុងមួយហិចតា ។ ចំពោះតំបន់ដែលគ្រប់គ្រងទឹកបាន និង គ្រាប់ពូជសុទ្ធល្អបរិមាណគ្រាប់ពីជដែលប្រើប្រាស់ គឺពី៧០-៨០គីឡូក្រាម ក្នុងមួយហិចតា ។ គួររៀបចំដីឲ្យបានល្អ និង រាបស្មើមុនស្ទូង ឬ ព្រួស ។
ការភ្ជួររាស់គួរតែធ្វើឲបាន ២-៣សារជាការល្អប្រសើរ ។ បើសិនស្រែអាចបញ្ចេញបញ្ចូលទឹកបាន បន្ទាប់ពី ស្ទូង ឬ ព្រួសបាន ២០ថ្ងៃអាចបញ្ចេញទឹកឲអស់ពីក្នុងស្រែ ២-៤ថ្ងៃ រួចបញ្ចូលទឹកថ្មីវិញ ។ ធ្វើរបៀបនេះគឺដើម្បីធ្វើឲស្រូវកាន់តែបែកគុម្ពល្អ ។ ប៉ុន្តែពេលស្រូវបែកគុម្ពអតិបរិមា គួរបង្ខះទឹករយៈពេលមួយអាទិត្យ ដើម្បីកុំឲស្រូវដុះខ្នែងមកច្រើនទៀត ។

No comments:

Post a Comment