Friday, November 18, 2016

ការ​ចិញ្ចឹម​មាន់​តាមបែប​ប្រពលវប្បកម្ម


កូនមាន់ទើបតែញាស់
ជាទូទៅ កសិករចិញ្ចឹមមាន់មិនសូវបានទទួលផលប៉ុន្មានទេ ដោយសារខ្វះការយកចិត្តទុកដាក់ក្នុងការចិញ្ចឹម និងថែទាំ ។ ដោយមើលឃើញនូវបញ្ហានេះហើយ ទើបអង្គការសេដាកបានចុះទៅធ្វើការបណ្តុះបណ្តាល លើការចិញ្ចឹមមាន់ជាលក្ខណៈ គ្រួសារតាមបែបប្រពលវប្បកម្ម នៅភូមិថ្លុកដង្កោ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្រោយពីធ្វើការបណ្តុះបណ្តាលហើយ បងស្រី ស៊ូ ឃន ដែលជាកសិកររស់នៅភូមិ ឃុំខាងលើ គាត់បានស្ម័គ្រចិត្តសាកល្បងធ្វើការពិសោធន៍លើការចិញ្ចឹមមាន់នេះ ។ ចំណែកបទពិសោធន៍នៃការចិញ្ចឹមបង្ហាញជូនដូចខាងក្រោម :
១. ស្ថានភាពចិញ្ចឹមមុនពេលបណ្តុះបណ្តាល
បងស្រីពុំមានទ្រុងមាន់ត្រឹមត្រូវទេ គឺគ្រាន់តែរៀបចំឲ្យមានជាសំបុកសំរាប់ឲ្យមាន់ពងលើធ្នើរចង្ក្រាន ។ គាត់មិនសូវយកចិត្តទុកដាក់លើបញ្ហាចំណី ទឹក និងការថែទាំទេ ព្រលែងឲ្យមាន់ដើររកចំណីស៊ីដោយខ្លួនឯង ។ លទ្ធផលនៃការចិញ្ចឹមរបស់គាត់ គឺក្នុងមេមួយក្បាល ដល់ពេលលក់សល់កូនត្រឹម ១-២ ក្បាលប៉ុណ្ណោះ ហើយជួនកាលអាចអស់តែម្តង ដោយសារគេលួច ឬស្លាប់ដោយជំងឺ ។
២. របៀបចិញ្ចឹមតាមប្រពលវប្បកម្ម
ក្នុងការចិញ្ចឹមតាមបច្ចេកទេសប្រពលវប្បកម្មនេះ បងស្រីបានរៀបចំឲ្យមានទ្រុងដែលមានទំហំ ៤ ម៉ែត្របួនជ្រុង ធ្វើពីកូនឈើ ប្រក់ស្លឹកត្នោត និងរបងកំពស់ ១ ម៉ែត្រ ធ្វើជាទីធ្លាព័ទ្ធជុំវិញទ្រុងមាន់ទំហំ ១០ ម៉ែត្របួនជ្រុង ។ នៅក្នុងទីធ្លានោះ គាត់មានដាំត្រកួន ខ្ជាយ សំរាប់ជាម្លប់ដល់មាន់ ព្រមទាំងជីករណ្តៅកំប៉ុស្តសំរាប់ឲ្យមាន់កាយរកចំណី (សត្វល្អិត) ។ ក្រៅពីនេះ គាត់បានរៀបចំជាស្នូកទឹក និងស្នូកចំណីដាក់ជាប្រចាំ ។ នៅក្នុងស្នូកទឹក គាត់ដំគល់ស្លឹកគ្រៃដាក់ត្រាំដើម្បីការពារជំងឺឆ្លងផ្សេងៗ ។ ចំណែកឯស្នូកចំណី មានដាក់កន្ទក់លាយត្រកួនចិញ្ច្រាំដាក់ឲ្យមាន់ស៊ីជាប្រចាំ ។
៣. លទ្ធផលនៃការចិញ្ចឹមតាមប្រពលវប្បកម្ម
ក្រោយពីការចិញ្ចឹមតាមរបៀបនេះ ៤ ខែ គាត់សង្កេតឃើញថា មាន់របស់គាត់លូតលាស់លឿន ហើយពុំមានឆ្លង ជំងឺ ឬ ងាប់ដោយប្រការណាមួយទេ ទោះបីជាមាន់របស់អ្នកជិតខាងមានជំងឺឆ្លងងាប់អស់ក៏ដោយ ។
សរុបមក ដើម្បីចិញ្ចឹមមាន់ឲ្យបានល្អបងប្អូនកសិករគួរអនុវត្តចំណុចមួយចំនួ ដូចខាងក្រោម :
-ធ្វើទ្រុងឲ្យមាន់ជ្រកពេលមានភ្លៀង និងក្តៅហើយធ្វើ របងព័ទ្ធទីធ្លាឲ្យមាន់ដើរលេង
-ដាំត្រកួន និងជីករណ្តៅកំប៉ុស្ត ដើម្បីផ្តល់ម្លប់និងឲ្យមាន់ កាយរកចំណី
-ដាក់ស្នូកទឹកដែលមានត្រាំគល់ស្លឹកគ្រៃឲ្យមាន់ផឹកជាប្រចាំ ដើម្បីការពារជំងឺផ្សេងៗ
-ដាក់ស្នូកចំណី និងផ្តល់ចំណីជាប្រចាំឲ្យមាន់ស៊ី ។
* បញ្ជាក់ : នៅក្នុងព្រឹត្តិប័ត្រកសិករលេខ ១២ ខែធ្នូ ឆ្នាំ ២០០១ យើងបានចុះផ្សាយពីបទពិសោធន៍ចិញ្ចឹមមាន់របស់កសិករ ម៉ែន ង៉ែត ម្តងរួចមកហើយ ដែលដូចគ្នានឹកសិករ ស៊ូ ឃន ដែរ ។ ប៉ុន្តែ យើងខ្ញុំចុះផ្សាយនេះ ដើម្បីបញ្ជាក់ឲ្យឃើញថា មានកសិករជាច្រើនគ្រួសារបានអនុវត្តតាមបទពិសោធន៍ខាងលើ ហើយទទួលបានជោគជ័យ ៕
របៀបចិញ្ចឹមមាន់របស់កសិករ យ៉ុន
លោកពូ យ៉ុន ជាកសិកររស់នៅភូមិអំពិលរូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល គាត់ធ្លាប់មានបទពិសោធន៍ចិញ្ចឹមមាន់តាំងពីឆ្នាំ ១៩៨១ មកម្ល៉េះ ហើយបទពិសោធន៍របស់គាត់ហាក់ដូចជាប្លែកពីគេនៅក្នុងភូមិ ។ បទពិសោធន៍ទាំងនោះយើងសូមបង្ហាញជូនដូចខាងក្រោម :
១. របៀបចិញ្ចឹម :
លោកពូបានរៀបចំធ្វើសំបុកឲ្យមាន់ពង ធ្វើទ្រុងឲ្យមាន់ជ្រកនៅពេលយប់ និងពេលមានភ្លៀង ចំណែកពេលថ្ងៃ គាត់ ព្រលែងឲ្យដើរសេរីក្នុងបរិវេណទីធ្លាផ្ទះ ។ កូនមាន់ដែលទើបញាស់ គាត់បានក្រុងជាមួយមេរបស់វារយៈពេល ១០ ទៅ ១៥ ថ្ងៃ ដោយបំប៉នចំណី មានចុងអង្ករ កន្ទក់ និងទឹកថ្នាំបុរាណ ។ ទឹកថ្នាំបុរាណនេះ ផ្សំពីមើមសាគូ និងដើមស្មៅប្រមោយដំរីយកមក បុកជាមួយគ្នាដាក់ក្នុងទឹកឲ្យមាន់ផឹកជាប្រចាំ ជាពិសេសនៅរដូវប្រាំង (ពីខែមេសា ទៅឧសភា) ។ ពេលខ្លះគាត់ច្របាច់យកទឹកខាប់ៗឲ្យមាន់ផឹកនៅពេលដែលគាត់សង្កេតឃើញ ថាមាន់សំកុកមិនដើររកស៊ីចំណី ។
បទពិសោធន៍ការពារជំងឺមាន់មួយទៀត គឺគាត់យក កំទេចដែក ពីកន្លែងធ្វើកំបិតទៅដាក់ត្រាំក្នុងស្នូកទឹកឲ្យមាន់ផឹកជា ប្រចាំផងដែរ ។ ក្រៅពីប្រើថ្នាំបុរាណការពារជំងឺមាន់ លោកពូក៏បាន ធ្វើអនាម័យសំអាតទ្រុង និងបរិវេណផ្ទះជាប្រចាំ ជាពិសេស កុំឲ្យមានកៅស៊ូកងនៅក្នុងបរិវេណទីធ្លា ព្រោះប្រសិនបើមានមាន់ណាដែលស៊ីកៅស៊ូកងហើយ ក្រោយរយៈពេលពីមួយ ទៅពីរអាទិត្យវានឹងឈឺស្លាប់មិនខាន ។
ចំពោះចំណី គាត់លាយស្រូវ ៣ គីឡូក្រាម ចុងអង្ករកន្លះគីឡូក្រាម សំរាប់មាន់ប្រមាណ ៧០ក្បាល(ទាំងតូចទាំងធំ)ស៊ីក្នុងមួយថ្ងៃ ។ ក្រៅពីនេះ គាត់ហាន់ត្រកួនល្អិតៗ លាយជាមួយបាយ កន្ទក់ឲ្យមាន់ស៊ីម្តងម្កាលដែរ ។
២. របៀបជ្រើសរើសពូជមាន់មកចិញ្ចឹម :
ក្នុងការចិញ្ចឹម គាត់បានជ្រើសរើសយក ពូជមាន់សំពៅទាំងញី ទាំងឈ្មោលដែលទិញមកពីខេត្តកំពង់ឆ្នាំង ។ ព្រោះពូជមាន់សំពៅនេះ មានមាឌធំ ឈ្នះជំងឺ មានទំងន់ធ្ងន់ ។ លោកពូបានបញ្ជាក់ប្រាប់ទៀតថា ការជ្រើសរើសពូជចិញ្ចឹមនេះសំខាន់ណាស់ ព្រោះវាអាចធ្វើឲ្យយើងចំណេញទាំងចំណី និងពេលវេលាក្នុងការចិញ្ចឹម ។ ជាក់ស្តែងមាន់របស់គាត់ដែលចិញ្ចឹមកន្លងមករយៈពេលតែ ៤ ខែប៉ុណ្ណោះ អាចមានទំងន់ពី ១ គីឡូ ២ ខាំ ទៅ ១ គីឡូកន្លះ ក្នុងមួយក្បាល ។
៣. លទ្ធផលនៃការចិញ្ចឹម
ក្រៅពីការបរិភោគក្នុងគ្រួសារហើយ លោកពូអាចរកប្រាក់ចំណូលបានពី ៣០ ទៅ ៣៥ ម៉ឺនរៀលក្នុងមួយឆ្នាំ ។ ប៉ុន្តែក្នុងនោះក៏មានមាន់នៅសេសសល់ដូចជាមាន់ស្ទើរជំទង់ប្រមាណ ២៧ ក្បាល
ចំពោះទីផ្សារវិញ គឺមានឈ្មួញចុះមកទិញដល់ផ្ទះក្នុងតំលៃ ៥០០០ ទៅ ៥៥០០ រៀល ក្នុងមួយគីឡូក្រាម (មាន់រស់) នៅថ្ងៃធម្មតា និង ៦០០០ ទៅ ៦៥០០ រៀល ក្នុង ១ គីឡូក្រាម នៅពេលថ្ងៃបុណ្យទាន (បុណ្យភ្ជុំចិន, ចូលឆ្នាំចិន, បុណ្យភ្ជុំបិណ្ឌ …) ។
សរុបមក ការចិញ្ចឹមមាន់របស់លោកពូបានកាក់កបល្អណាស់ គឺមាន់មានសុខភាពល្អមាំមួន និងអាចរស់បានរហូតដល់ ៩០ ភាគរយ ។ ការចិញ្ចឹមមាន់បានលទ្ធផលល្អបែបនេះ គឺដោយសារគាត់បានអនុវត្តចំណុចមួយចំនួនដូចខាងក្រោម :
– ឲ្យផឹកទឹកថ្នាំការពារជំងឺជាប្រចាំ ដូចជា មើមសាគូ និងដើមស្មៅប្រមោយដំរី ៘
– ធ្វើអនាម័យសំអាតទ្រុង និងទីធ្លាផ្ទះដើម្បីកុំឲ្យមាន់ស៊ីចំណីផ្តេសផ្តាស ជាពិសេសកៅស៊ូកង
-ជ្រើសរើសយកពូជមាន់ដែលធំល្អ មានទំងន់ធ្ងន់ ឈ្នះជំងឺមកចិញ្ចឹម
– ឆាប់ចាប់មាន់លក់នៅពេលដែលឃើញវាមានទំងន់គ្រប់គ្រាន់ល្មមលក់ ៕
ការសាកល្បងបទពិសោធន៍ចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិ (កសិករ ទុយ ផន)
កសិករ ទុយ ផន រស់នៅភូមិតាសួន ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ក្រោយពីបានអានព្រឹត្តិប័ត្រកសិករមក គាត់មានការចាប់ អារម្មណ៍ ទៅលើបទពិសោធន៍ចិញ្ចឹមមាន់របស់ កសិករ ម៉ែន ង៉ែតដែលរស់នៅ ភូមិជើងភ្នំ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានចុះផ្សាយក្នុងព្រឹត្តិប័ត្រកសិករលេខ ១២ ខែធ្នូ ឆ្នាំ ២០០១ កន្លងមកហើយក៏បានធ្វើការចិញ្ចឹមសាកល្បងតាម ។ ចំពោះការសាកល្បងបទពិសោធន៍ខាងលើ លោកពូបានធ្វើការកែប្រែទៅលើទំលាប់ចាស់មួយចំនួន ដូចជា ទ្រុង ចំណី ការផ្តល់ទឹក និងការថែទាំ ៘
១. គំនិតថ្មីដែលគាត់បានអនុវត្ត
ចំពោះទ្រុងមាន់ : គាត់បានកែច្នៃធ្វើជាកន្លែងដែលមានទីធ្លាសំរាប់ឲ្យមាន់ដើរលេង និងសំរាប់ជ្រក ។
ចំណី : លោកពូប្រើកន្ទក់ ត្រកួន និងអង្ករ ដោយច្នៃយកកន្ទក់មកបុកលាយជាមួយត្រកួន រួចទើបយកមកលាយនឹងអង្ករ ធ្វើដូចនេះដើម្បីទាក់ទាញមាន់ឲ្យវាមកស៊ី ។ ការលាយចំណីនេះ គាត់ប្រើកន្ទក់ ៣ ភាគ ត្រកួន ២ ភាគ និងអង្ករពី ១ ទៅ ២ កំប៉ុង ។ ដោយឲ្យវាស៊ីមួយថ្ងៃ ២ ដង គឺថ្ងៃត្រង់ និងល្ងាច (ដាក់ក្នុងស្នូកចំណី) ។
ទឹក : លោកពូបានផ្តល់ទឹកឲ្យមាន់ផឹករៀងរាល់ថ្ងៃ ដោយក្នុងនោះមានត្រាំគល់ស្លឹកគ្រៃ សំបកស្តៅ ។ គាត់បានធ្វើការផ្លាស់ប្តូរទឹកជារៀងរាល់ថ្ងៃ ។
ការថែទាំ : ចំពោះកូនមាន់ដែលទើបញាស់ គាត់ក្រុងវាទុកក្នុងរយៈពេលពី ៧ ទៅ ១០ ថ្ងៃ ដើម្បីឲ្យកូនមាន់រឹងមាំ ទើបលែងឲ្យវាដើរស៊ីចំណីតាមមេរបស់វា ។
២. លទ្ធផលដែលទទួលបានក្រោយពីការសាកល្បងនូវគំនិតថ្មី
ក្រោយការចិញ្ចឹមបានរយៈពេល ៤ ខែ មាន់របស់គាត់មួយក្បាលៗ មានទំងន់ ពី ១ គីឡូក្រាម ទៅ ១,៤ គីឡូក្រាម ។ មាន់គាត់ទាំងអស់មានចំនួន ៥០ ក្បាល (មេ ៨ ក្បាល ជំទង់ ១៥ ក្បាល និងសល់ពីនោះ កូនមាន់) ។ មាន់ដែលអាចលក់បានមានទំងន់សរុប ៥៤,៥ គីឡូក្រាម ។ ចំពោះមាន់រស់ លោកពូលក់ បានតំលៃ ៥០០០ រៀលក្នុងមួយគីឡូក្រាម ។ សរុបចំណូលទាំងអស់បាន ២៩៩៧០០ ៛ ។
៣. ផែនការសំរាប់ថ្ងៃខាងមុខ
ក្រោយពីបានឃើញនូវលទ្ធផលគួរជាទីពេញចិត្តនេះមក លោកពូមានចំនាប់អារម្មណ៍ គាត់បានសំរេចចិត្តសាកល្បងនូវបទពិសោធន៍ទាំងនេះ ព្រោះគាត់យល់ឃើញថាការចិញ្ចឹមរបៀបនេះមានលក្ខណៈងាយស្រួលអស់ថវិកា តិចជាងការចិញ្ចឹមជ្រូក និងមុខរបរផ្សេងៗ ។ ទៅថ្ងៃអនាគតគាត់នឹង ពង្រីកការចិញ្ចឹមមាន់នេះឲ្យបានច្រើន ៕
ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិ (សិក្សាករណីរបស់កសិករ ចាន់ សុធា)
ប្អូនប្រុស ចាន់ សុធា ជាកសិកររស់នៅភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។ប្អូនប្រុសមានមុខរបរធ្វើស្រែចំការ និងចិញ្ចឹមសត្វបន្តិចបន្តួចជាលក្ខណៈគ្រួសារ ។ ចំពោះការចិញ្ចឹមមាន់ ប្អូនប្រុសធ្លាប់ចិញ្ចឹមតាំងពីឆ្នាំ ១៩៩០ មកម្ល៉េះ ប៉ុន្តែការចិញ្ចឹមនោះមិនសូវទទួលបានលទ្ធផលល្អទេ ដោយសារមាន់ចេះតែងាប់ ។ ក្រោយពីបានអានព្រឹត្តិបត្រកសិករគាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើបទពិសោធន៍ចិញ្ចឹមមាន់របស់កសិករម៉ែន ង៉ែត ដែលបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រកសិករលេខ ១២ ខែធ្នូ ឆ្នាំ ២០០១ ។ ប្អូនប្រុសបានជ្រើសរើស បទពិសោធន៍នេះ មកធ្វើការសាកល្បងតាម ដែលមានបង្ហាញជូនដូចខាងក្រោម :
១. ការជ្រើសរើសពូជចិញ្ចឹម
ក្នុងការចិញ្ចឹមប្អូនប្រុសយកចិត្តទុកដាក់ទៅលើការជ្រើសរើសពូជ គឺគាត់ជ្រើសរើសពូជដែលមានមាឌធំជើងល្មៀតព្រោះវាចេះការពារកូននិង សាយកូន ។
២. ការធ្វើទ្រុង និងរៀបចំសំបុក
ក្នុងការចិញ្ចឹមប្អូនប្រុសបានធ្វើទ្រុងឲ្យមាន់ជ្រក និងទីធ្លាសំរាប់ឲ្យមាន់ដើរលេងរកចំណី ។ តែចំពោះសំបុកដាក់ឲ្យមាន់ពង គាត់ធ្វើសំបុកក្រាស់សំរាប់រដូវវស្សា និងសំបុកស្តើងសំរាប់រដូវក្តៅ ។
៣. ការថែរក្សា
កូនមាន់ដែលទើបញាស់ពីសំបុក គាត់ក្រុងវាទុករយៈពេល ៧ ទៅ ១០ ថ្ងៃ ឲ្យកូនមាន់រឹងដៃ រឹងជើង ទើបព្រលែងឲ្យដើររកស៊ីជាមួយមេ ។
៤. ការផ្តល់ចំណី
ចំពោះចំណីមាន់ គាត់លាយច្រើនមុខបញ្ចូលគ្នា សំរាប់មាន់ ២៥ ក្បាល គាត់លាយ :
– កន្ទក់ ១ គីឡូក្រាម
– ស្លឹកស្តៅពី ១ ទៅ ១ ខាំកន្លះ បុកឲ្យម៉ដ្ឋ
– អង្ករ ឬចុងអង្ករ ១ ទៅ ២ កំប៉ុង
– បាយ និងកាកសំណល់ផ្ទះបាយ
– ទឹកអង្ករ
លាយបញ្ចូលគ្នាឲ្យសព្វ រួចយកទៅដាក់ក្នុងស្នូកចំណីឲ្យមាន់ស៊ី ១ ថ្ងៃ ២ ទៅ ៣ ដង ។
៥. ការដាក់ទឹក
ចំពោះទឹកដែលដាក់ឲ្យមាន់ផឹកគាត់បាន ស្ទោះសំបកគរប៉ុនធ្នាប់ដៃប្រវែង ២ ទៅ ៣ តឹក ដំឲ្យទក់ រួចដាក់ត្រាំទឹក ៦ លីត្រ ឲ្យមាន់ផឹកជាប្រចាំក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃ ទើបប្តូរម្តង ។
ប្អូនប្រុសបានបញ្ជាក់ថា មុនពេលសាកល្បងអនុវត្តបទពិសោធន៍របស់កសិករ ម៉ែន ង៉ែត មាន់របស់គាត់ចិញ្ចឹម ក្នុងរយៈពេល ២ ខែ មានទំងន់តែ ៣ ទៅ ៤ ខាំប៉ុណ្ណោះ ។ ប៉ុន្តែបន្ទាប់ពីបានអនុវត្តតាមមកឃើញថា មាន់គាត់ចិញ្ចឹមតែរយៈពេល ១ ខែកន្លះ មានទំងន់រហូតដល់ ១ ទៅ ១,៣ គីឡូក្រាម ។
ចំពោះមាន់ ២៥ ក្បាល គាត់បានបែងចែកដូចតទៅ :
– លក់ចំនួន ១០ ក្បាល បានប្រាក់ ៦៧៥០០៛
– ធ្វើម្ហូបអស់ ៦ ក្បាល
– ទុកធ្វើពូជ ៩ ក្បាល
ក្រោយពីបានឃើញលទ្ធផលជាក់ស្តែងមក ប្អូនប្រុសមានចំណាប់អារម្មណ៍ថា ការចិញ្ចឹមមាន់តាមបែបប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ ធ្វើឲ្យមាន់ឆាប់ធំធាត់លឿន ឈ្នះជំងឺ ហើយចិញ្ចឹមតែរយៈពេលខ្លី អាចឲ្យយើងឆាប់ទទួលផល និងលក់បានទៀតផង ។ ទៅថ្ងៃអនាគត ប្អូនប្រុសនឹងចិញ្ចឹមបន្តរបៀបនេះទៀត ហើយនឹងពង្រីកការចិញ្ចឹមឲ្យបានច្រើន ៕
បទពិសោធន៍ចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ (របស់បងប្រុស កែវ សុខា)
បងប្រុស កែវ សុខា ជាកសិករសហការជាមួយអង្គការសេដាក រស់នៅភូមិទង់នាគ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។ បន្ទាប់ពីបានធ្វើទស្សនកិច្ចសិក្សាក្នុងតំបន់ ( ពីឃុំស្តៅកោង មកឃុំឈើកាច់ ) ក្នុងខែឧសភា ឆ្នាំ ២០០២ កន្លងមកនិងមានការបណ្តុះបណ្តាលបន្ថែមទៅលើបច្ចេកទេសចិញ្ចឹមមាន់ផង នោះ បងប្រុសបានកែច្នៃការចិញ្ចឹមតាមទំលាប់ចាស់ ដោយបានរៀបចំធ្វើទ្រុងចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិវិញ ។ បទពិសោធន៍ចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ ដែលគាត់បានអនុវត្តកន្លងមក មានបង្ហាញដូចខាងក្រោម :
១. ការរៀបចំទ្រុង
បងប្រុសបានរៀបចំទ្រុងមាន់មានទំហំ ៥០ ម៉ែត្រការ៉េ (១០ ម x ៥ ម) ដែលមានជញ្ជាំងខាងធ្វើពីធាងត្នោតតំរួតគ្នា ២ ផ្ទាំង កំពស់ ២ ម៉ែត្រ ។ ប្រើឫស្សីសំរាប់ធ្វើរបារ ដើម្បីបង្កើនភាពរឹងមាំរបស់ទ្រុង ។ ម្យ៉ាងទៀត បងប្រុសបានទុកប្រឡោះ ៤ កន្លែងសំរាប់ឲ្យកូនមាន់តូចៗ ចេញចូលក្នុងពេលផ្តល់ចំណី និងក្រោយពេលផ្តល់ចំណី ដែលប្រឡោះនិមួយៗ មានទំហំ ៥ ផឹង ។
២. ស្នូកទឹក និងចំណី
ស្នូកសំរាប់ដាក់ចំណីមាន់មានពីរធ្វើពីឫស្សី ។ ស្នូកនិមួយៗមានប្រវែង ១,៥ ម៉ែត្រ ទំហំប៉ុនកំភួនជើងដោយពុះចំហៀងមួយភាគបីចោល រួចដំយកថ្នាំងចោលទុកតែថ្នាំងសងខាងប៉ុណ្ណោះ ។ ដោយឡែកស្នូកទឹក គាត់ទិញដបប្លាស្ទីកចំណុះ ២ លីត្រ សំរាប់ដាក់ទឹកឲ្យមាន់ផឹក ។
៣. ការផ្តល់ចំណី
– ចំពោះកូនមាន់តូចៗ បងប្រុសបានប្រើត្រកួន កន្ទក់ បុកលាយចូលគ្នាឲ្យម៉ដ្ឋបន្តិច រួចច្របាច់លាយជាមួយបាយ ដើម្បីជួយជំរុញឲ្យកូនមាន់រៀនស៊ីចំណី និងចេះស៊ីកាន់តែខ្លាំង ។ នៅពេលចិញ្ចឹមដាក់ក្នុងទ្រុងមាន់ពុំសុះស្គមឡើយ ។
– ចំពោះមាន់ធំផ្តល់ចំណី ២ ដង ក្នុងមួយថ្ងៃ គឺព្រឹកមួយដង និងល្ងាចមួយដង ដោយប្រើត្រកួន ២,៥ គីឡូក្រាម លាយជាមួយកន្ទក់ ២ គីឡូក្រាម និងស្រូវកន្លះគីឡូក្រាម សំរាប់មាន់ ៧០ ក្បាល ក្នុងមួយថ្ងៃ ។
៤. ការថែទាំ
ចំពោះស្នូកទឹកត្រូវលាងសំអាតជារៀងរាល់ថ្ងៃ គឺលាងនៅពេលព្រឹក ប៉ុន្តែស្នូកចំណីវិញ ២ ទៅ ៣ ថ្ងៃ ទើបលាងម្តងព្រោះមិនសូវប្រឡាក់ និងមាន់ស៊ីចំណីអស់សំរាប់មួយថ្ងៃៗ ដោយមិនធ្វើឲ្យស្នូកសើមឡើយ ។ ម្យ៉ាងទៀតដើម្បីជួយឲ្យមាន់កាន់តែមានសុខភាពល្អថែមទៀតនោះ គាត់បានដំគល់ស្លឹកគ្រៃ ឬសំបកស្តៅដាក់ក្នុងទឹកឲ្យមាន់ផឹក ។ ទឹកនេះមិនទុកឲ្យលើសពី ២ ថ្ងៃឡើយ ព្រោះបើទុកយូរពេក វាបណ្តាលឲ្យទឹកមានក្លិនស្អុយ ប៉ះពាល់ដល់សុខភាពរបស់មាន់ ធ្វើឲ្យមាន់ឈឺ ។
៥. លទ្ធផល
ក្រោយពីការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិនេះមក គឺចាប់តាំងពីខែមិថុនា រហូតដល់ខែកញ្ញា (រយៈពេល ៤ ខែ)គាត់បរិភោគអស់ ៩ ក្បាល និងលក់បាន ៤៥ ក្បាល ស្មើនឹង ២៨០៦០០៛ ។ សរុបមាន់ចិញ្ចឹមបានទាំងអស់ ៥៤ ក្បាល ធៀបទៅនឹងការចិញ្ចឹមតាមទំលាប់ចាស់ លក់បានត្រឹមតែ ១៥ ទៅ ២០ គីឡូក្រាមប៉ុណ្ណោះ ក្នុងមួយឆ្នាំ ។
៦. សន្និដ្ឋាន
ចំពោះផែនការទៅអនាគត បងប្រុសនឹងពង្រីកទ្រុងមាន់ឲ្យបានទំហំ ១២០ ម៉ែត្រការ៉េ (៨ ម x ១៥ ម ) ព្រមទាំងចិញ្ចឹមមេមាន់ឲ្យបាន ២០ ក្បាល ដើម្បីដោះស្រាយជីវភាពគ្រួសារ ។ ក្រោយពីចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិរយៈពេល ៤ ខែ បានជោគជ័យមក គាត់មានចំណាប់អារម្មណ៍ថា :
– ពេលធ្វើទ្រុងត្រូវទុកប្រឡោះឲ្យបាន ៤ ទៅ ៥ កន្លែង (ទំហំ ៤ ទៅ ៥ ផឹង) សំរាប់កូនមាន់ចេញចូលស៊ីចំណី
– ពេលបញ្ចូលមាន់ក្នុងទ្រុងដំបូងវាពុំសូវចេះស៊ីចំណី និងចុះស្គមបន្តិច ។ ដូច្នេះ មុនបញ្ចូលមាន់ទៅក្នុងទ្រុង យកល្អគួរបង្រៀនវាឲ្យស៊ីចំណីសិន ( ចំណីផ្ស៊ាំនឹងធម្មជាតិ ) ។
– កូនមាន់ចេះស៊ីចំណីតាំងពីតូច នាំឲ្យងាយស្រួលក្នុងការផ្តល់ចំណីពេលដាក់ក្នុងទ្រុង
– ការចិញ្ចឹមមាន់តាមរបៀបនេះ ចំណេញជាងការចិញ្ចឹមជ្រូក ដោយអស់ថវិកាតិចក្នុងការទិញចំណី ហើយបានប្រាក់ចំណូលច្រើន
– មាន់ចិញ្ចឹមដាក់ទ្រុង ងាយប្រមូលជី (លាមកមាន់) យកទៅធ្វើជាជីសំរាប់ដាក់ដំណាំ
– ចិញ្ចឹមតាមរបៀបនេះ មេមាន់មានកូនញឹកជាងធម្មតា ៕
ប្រើស្លឹកស្តៅការពារជំងឺរាតត្បាតលើមាន់
ក្នុងការចិញ្ចឹមមាន់ កសិករតែងតែជួបប្រទះបញ្ហាផ្សេងៗ ជាពិសេសជំងឺ ។ ជំងឺដែលលំបាកជាងគេ គឺជំងឺឆ្លងរាតត្បាត ជំងឺនេះច្រើនកើតនៅពេលដែលអាកាសធាតុប្រែប្រួលនៅដើមរដូវវស្សា ។ ប្រសិនបើយើងមិនមានវិធានការទប់ទល់ទាន់ពេលវេលាទេ ធ្វើឲ្យមាន់ឆ្លងងាប់អស់ពីទ្រុងតែម្តង ។
ឆ្លើយតបនឹងបញ្ហានេះ បងស្រី ទុំ កាង ដែលជាកសិកររស់នៅភូមិអង្កាញ់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង គាត់បានប្រើប្រាស់ស្លឹកស្តៅធ្វើជាឱសថការពារជំងឺរាតត្បាតនេះ យ៉ាងមានប្រសិទ្ធភាព ។ មិនថារដូវណាជារដូវណាទេ ជារៀងរាល់ព្រឹកបងស្រីតែងតែបេះស្លឹកស្តៅ ១ ក្តាប់ដៃ យកទៅបុក រួចលាយជាមួយទឹកប្រហែល ១ លីត្រ ។ បន្ទាប់មក យកស្រូវ ឬអង្ករដែលបំរុងបាចឲ្យមាន់ស៊ីនោះ ចំនួន ២ ឬ ៣ កំប៉ុង ទៅត្រាំទឹកស្តៅប្រហែលជា ១៥ នាទី ល្មមឲ្យគ្រាប់ស្រូវ ឬអង្ករនោះរីកទើបស្រង់យកទៅបាចឲ្យមាន់ស៊ី ។ ក្នុង ១ ថ្ងៃ បងស្រីបាចស្រូវ ឬអង្ករឲ្យមាន់ស៊ីពី ២ ទៅ ៣ដង ចំណែកទឹកស្តៅដែលត្រាំអង្ករនោះ ដាក់ត្រាំម្តងផ្លាស់ចោលម្តង ។
នៅក្នុងភូមិអង្កាញ់ទាំងមូល បងស្រី ទុំ កាង គឺជាអ្នកដែលចិញ្ចឹមមាន់បានល្អ ឬកាក់កបជាងគេ ។ មាន់របស់គាត់មិនដែលកើតជំងឺទេ ទោះបីជាមាន់អ្នកជិតខាងនៅក្នុងភូមិនោះកើតជំងឺឆ្លងងាប់អស់ក៏ដោយ ។ សព្វថ្ងៃ បងស្រីចិញ្ចឹមមាន់បានចំនួន ៧ ក្បាល ហើយទទួលបានកូនលក់ពី ២ ទៅ ៣ សារក្នុងមួយសំបុក ដែលជាមធ្យមក្នុងមួយសំបុកមាន ១០ ក្បាល ។ សរុបមក ស្លឹកស្តៅអាចប្រើជាឱសថព្យាបាលជំងឺរាតត្បាតលើមាន់បាន ហើយមិនចាំបាច់តែរដូវជំងឺរាតត្បាតនេះមកដល់ទេ ។ បងប្អូនកសិករគួរការពារវាជាមុន ដូចបទពិសោធន៍ជាក់ស្តែងរបស់បងស្រី ទុំ កាង ខាងលើ ៕
បទពិសោធន៍ទំលាក់ព្រូនមាន់ដោយប្រើគ្រាប់កន្ធំថេត
កន្ធំថេតជារុក្ខជាតិម្យ៉ាងដែលមានប្រយោជន៍ច្រើនមុខ ដើមរបស់វាអាចប្រើធ្វើជាអុសដុត ស្លឹកយកធ្វើជាជីស្រស់ដើម្បីបង្កើនជីជាតិដី គ្រាប់របស់វាអាចប្រើធ្វើជាថ្នាំសំរាប់ព្យាបាលរោគ មនុស្ស សត្វ ។ ឆ្លងតាមរយៈការប្រើថ្នាំផ្សំពីរុក្ខជាតិនេះមានកសិករជាច្រើន ព្យាបាលសត្វទៅតាមរបៀបប្លែកៗ ពីគ្នាទៅតាមតំបន់ជាក់ស្តែងដូចជាកសិករ អៀង យ៉ន រស់នៅភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង គាត់មានបទពិសោធន៍ទំលាក់ព្រូនមាន់ ដោយប្រើគ្រាប់កន្ធំថេត ។
តាមធម្មតា សត្វមាន់ដែលមានព្រូននៅក្នុងខ្លួនបង្កឲ្យមានរោគសញ្ញាដូចខាងក្រោម :
– មាន់មានសាច់ស្លេកហាក់ដូចគ្មានឈាម
– រោមមាន់រាងស្រអាប់
– មាន់មិនសូវរហ័សរហួនស្វែងរកចំណី
– មាន់ស្គមចេញទ្រនុងខ្នង និងមិនឡើងទំងន់
– នៅក្នុងលាមក គេសង្កេតឃើញមានព្រូន ។
ចំណែកឯវិធីព្យាបាលបង្ហាញជូនដូចខាងក្រោម :
១. វិធីព្យាបាល
– ចំពោះមេមាន់ឲ្យផឹក ១ ដង ៣ គ្រាប់ ក្នុងមួយថ្ងៃ និងផឹករយៈពេលមួយអាទិត្យ
– ចំពោះកូនមាន់ផឹក ១ ដង ១ គ្រាប់ ក្នុងមួយថ្ងៃ និងផឹករយៈពេលមួយអាទិត្យ ។
ក្រោយពេលផឹកអស់រយៈពេលមួយអាទិត្យមក គាត់សង្កេតឃើញមាន់មានភាពស្រស់ថ្លា និងរហ័សរហួនដើររកស៊ីចំណីឡើងវិញ ។ ហើយនៅក្នុងលាមកក៏លែងមានព្រូនទៀត ។ តាមបទពិសោធន៍ខាងលើនេះ គ្រាប់កន្ធំថេតជាឱសថព្យាបាលការទំលាក់ព្រូនមួយយ៉ាងមាន ប្រសិទ្ធិភាព ។ ហើយគេមិនត្រឹមតែអាចព្យាបាលមាន់ទេ គេអាចព្យាបាលការទំលាក់ព្រូនលើមនុស្សទៀតផង ៕

No comments:

Post a Comment