Friday, November 18, 2016

ការជ្រើសរើស​ទីកន្លែង​ចិញ្ចឹម និង​ការធ្វើ​ទ្រុង​


ជ្រើសរើសទីកន្លែងចិញ្ចឹមបានត្រឹមត្រូវ ធ្វើឲ្យមាន់មានសុខភាពល្អ មិនងាយឆ្លងជំងឺ ។
កន្លែងចិញ្ចឹមមាន់ត្រូវមានទីធ្លាស្រឡះល្អ ពន្លឺ និងម្លប់គ្រប់គ្រាន់ ។
ជ្រើសរើសទីកន្លែង
– ទីកន្លែងចិញ្ចឹមត្រូវនៅលើដីទួល មិនលិចទឹកនៅក្បែរផ្ទះ ដើម្បីងាយស្រួលថែទាំ និងឲ្យចំណី ។
– មាន់មិនអាចរស់នៅដោយគ្មានម្លប់ឡើយ ។ កន្លែងចិញ្ចឹមត្រូវមានម្លប់ខ្លះ ពន្លឺខ្លះ ។ បើទីវាលគ្មានម្លប់សោះគួរដាំដើមឈើដូចជា ល្ហុង ដំឡូងមី កន្ធំថេត រុក្ខជាតិហូបផ្លែ ឬដំណាំទ្រើង ដូចជាឃ្លោក ត្រឡាច…
កំណត់ទីធ្លាឲ្យមានដើររកចំណី
– គួរធ្វើរបងព័ទ្ធជុំវិញពីបន្ទះឫស្សី ឬកូនឈើឲ្យញឹក ដើម្បីកំណត់ទីធ្លាចិញ្ចឹមមាន់ ។ របងគួរមានកំពស់ ២-២,៥ម ។
– របងការពារមានសារៈសំខាន់ ៣យ៉ាង ។ ទី១ គឺដើម្បីការពារកុំឲ្យមាន់ចេញក្រៅរហេតរហូត ស៊ីចំណី និងផឹកទឹកមិនស្អាត ។ ទី២ គឺដើម្បីការពារមិនឲ្យសត្វពីក្រៅនាំយកមេរោគមកចម្លងដល់មាន់ ។ ទី៣ គឺដើម្បីជៀសវាងពីការបាត់បង់ ។
គួរដឹង
បើមានលទ្ធភាពយើងអាចទិញសំណាញ់ជ័រ ឬលួសដែលមានក្រឡាល្អត មកធ្វើជារបង ដើម្បីការពារមិនឲ្យកូនមាន់តូចៗចេញបាន ។
ហេតុអ្វីត្រូវធ្វើរណ្តៅកំប៉ុស្ត ?
ដើម្បីឲ្យមាន់កាយរកចំណីដូចជា ជន្លេ សត្វល្អិតតូចៗ ដែលជួយឲ្យមាន់ឆាប់ធំធាត់ ។
រៀបចំរណ្តៅកំប៉ុស្ត
១. ជីករណ្តៅកំប៉ុស្តដែលមានបណ្តាយ ៤ម ទទឹង ៣ម និងជំរៅ ៣០សម នៅក្រោមម្លប់ឈើ ។
២. ប្រមួលស្លឹកឈើ អង្កាម កាកសំណល់ផ្ទះបាយ… (លើកលែងលាមកសត្វ) ដាក់ក្នុងរណ្តៅ ហើយឧស្សាហ៍ស្រោចទឹក ជាបិសេសនៅរដូវប្រាំង ដើម្បីឲ្យសារធាតុទាំងនោះរលួយកកើតជាសត្វល្អិតសំរាប់ជាចំណីមាន់ ។
ការរៀបចំទ្រុង
គួរធ្វើទ្រុងមាន់តាមរបៀបងាយៗទៅតាមលទ្ធភាពដែលយើងមានដោយប្រើកូនឈើ បន្ទះឫស្សី ស្លឹកកណ្តប …
សំភារៈសំរាប់ធ្វើទ្រុង
គួរដឹង
– យើងអាចធ្វើដំបូលទ្រុងពីស្លឹកដូង ស្លឹកត្នោត ស្បូវ… ការប្រើស័ង្កសីមិនត្រឹមតែធ្វើឲ្យយើងចំណាយប្រាក់ច្រើនប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យកំដៅក្នុងទ្រុងមាន់កើនឡើងបណ្តាលឲ្យមាន់ងាយឈឺទៀតផង ។
– ដំបូលត្រូវប្រក់ឲ្យសល់ហូសបង្គោលជើងរៀងយ៉ាងតិច ០,៥ម ដើម្បីកុំឲ្យភ្លៀង និងកំដៅជះចូល ។
ការៀបចំទ្រុង
១- លើកដីកំពស់ ៣០សម ទទឹង ៤ម និងបណ្តោយ ៥ម (អាចដាក់មាន់បាន ២០-៣០ក្បាល) ។ ដាំបង្គោលជើងរៀងកំពស់ ២ម ចំនួន ៦ដើមជាពីរជួរ នៅតាមបណ្តោយ ។ ដាំបង្គោលកន្លោងកំពស់ ៣ម ចំនួន ៣ដើម នៅចន្លោះជួរទាំង២ ។
២- បំពាក់ផ្ទោងដំបូល និងប្រក់ស្លឹក ។ រួចយកបន្ទះឫស្សី ដែលដំភ្ជាប់ជាមួយមេឫស្សីមកធ្វើជាជញ្ជាំង ។
ហេតុអ្វីត្រូវធ្វើធ្នើរឲ្យមាន់ចន្លោះពីគ្នាហើយផុតពីដី ?
ដើម្បីកុំឲ្យមាន់ជុះអាចម៍លើគ្នា ហើយងាយស្រួលបោសសំអាតទ្រុង ។
៣- ធ្វើធ្នើរឲ្យមាន់ ដេកពីកូនឈើ ឬបន្ទះឫស្សី ដោយទុកចន្លោះពីមួយទៅមួយ ៣០-៤០សម និងខ្ពស់ពីដី ១,៥-២ម ។
៤- ធ្វើធ្នើរកំពស់ពីដី ១ម ជាប់ជញ្ជាំង ដើម្បីដាក់សំបុកឲ្យមេមាន់ក្រាបពង ។ ត្រូវទុកចន្លោះពីសំបុក១ ទៅ១ទៀត ៤០-៥០សម (បើជិតគ្នាពេកត្រូវបាំងក្រដាសរឹងដើម្បីកុំឲ្យមេមាន់ចឹកគ្នា) ។
គួរដឹង
ធ្នើរសំរាប់មាន់ដេកត្រូវធ្វើឲ្យខ្ពស់ផុតពីធ្នើរសំរាប់ដាក់សំបុក ដើម្បីជៀសវាងការរំខានដល់មេមាន់ក្រាបពង ។
ការៀបចំទ្រុងសំរាប់កូនមាន់
ធ្វើទ្រុងតូចៗរាងដូចអង្រុត ឬរាង៤ជ្រុង ឲ្យផុតពីដី ពីឫស្សី ឬសំណាញ់លួស ដែលមានប្រហោងតូចៗ សំរាប់ដាក់កូនមាន់ដែលទើបនឹងញាស់ ។
ហេតុអ្វីត្រូវធ្វើទ្រុងសំរាប់កូនមាន់ ?
– ដើម្បីការពារឲ្យុំឲ្យមាន់ធំចឹក និងកុំឲ្យពស់ ឬកណ្តុរស៊ី ។
– ដើម្បីងាយស្រួលយកកូនមាន់ដែលទើបនឹងញាស់ មកដាក់ឲ្យត្រូវកំដៅថ្ងៃពេលព្រឹក ។
– ដើម្បីងាយស្រួលផ្តល់ចំណីឲ្យកូនមាន់តាមប្រភេទរបស់វា និងកុំឲ្យមាន់ដទៃទៀតដណ្តើម ។
ការរៀបចំស្នូកទឹក និងស្នូកចំណី
ធ្វើស្នូកទឹក និងស្នូកចំណីដោយយកសំបកកង់ឡានពុះជា២ ។ យើងក៏អាចយកបំពង់ឫស្សី២-៣កង់ ឬបំពង់ជ័រមុខកាត់៥-៨សម និងប្រវែង ៤០-៥០សម មកពុះជា២ ហើយយកបន្ទះក្តារមកបិទភ្ជិតចុងសងខាងបានដែរ ។
គួរដឹង
ការធ្វើស្នូកទឹក និងស្នូកចំណីគឺដើម្បីជួយកុំឲ្យមាន់ផឹកទឹកកខ្វក់ ដែលបណ្តាលឲ្យឆ្លងជំងឺ និងខាតបង់ចំណីដែលបាចលើដី ។

No comments:

Post a Comment