
ក្នុងការ ចិញ្ចឹមមាន់ កសិករតែងតែជួបប្រទះបញ្ហាផ្សេងៗ ជាពិសេសជំងឺ ។ ជំងឺដែលលំបាកជាងគេ គឺជំងឺឆ្លងរាតត្បាត ជំងឺនេះច្រើនកើតនៅពេលដែលអាកាសធាតុប្រែប្រួលនៅដើមរដូវវស្សា ។ ប្រសិនបើយើងមិនមានវិធានការទប់ទល់ទាន់ពេលវេលាទេ ធ្វើឲ្យមាន់ឆ្លងងាប់អស់ពីទ្រុងតែម្តង ។
ឆ្លើយតប នឹងបញ្ហានេះ បងស្រី ទុំ កាង ដែលជាកសិកររស់នៅភូមិអង្កាញ់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង គាត់បានប្រើប្រាស់ស្លឹកស្តៅធ្វើជាឱសថការពារជំងឺរាតត្បាតនេះ យ៉ាងមានប្រសិទ្ធភាព ។ មិនថារដូវណាជារដូវណាទេ ជារៀងរាល់ព្រឹកបងស្រីតែងតែបេះស្លឹកស្តៅ ១ ក្តាប់ដៃ យកទៅបុក រួចលាយជាមួយទឹកប្រហែល ១ លីត្រ ។ បន្ទាប់មក យកស្រូវ ឬអង្ករដែលបំរុងបាចឲ្យមាន់ស៊ីនោះ ចំនួន ២ ឬ ៣ កំប៉ុង ទៅត្រាំទឹកស្តៅប្រហែលជា ១៥ នាទី ល្មមឲ្យគ្រាប់ស្រូវ ឬអង្ករនោះរីកទើបស្រង់យកទៅបាចឲ្យមាន់ស៊ី ។ ក្នុង ១ ថ្ងៃ បងស្រីបាចស្រូវ ឬអង្ករឲ្យមាន់ស៊ីពី ២ ទៅ ៣ដង ចំណែកទឹកស្តៅដែលត្រាំអង្ករនោះ ដាក់ត្រាំម្តងផ្លាស់ចោលម្តង ។
នៅក្នុងភូមិអង្កាញ់ទាំងមូល បងស្រី ទុំ កាង គឺជាអ្នកដែលចិញ្ចឹមមាន់បានល្អ ឬកាក់កបជាងគេ ។ មាន់របស់គាត់មិនដែលកើតជំងឺទេ ទោះបីជាមាន់អ្នកជិតខាងនៅក្នុងភូមិនោះកើតជំងឺឆ្លងងាប់អស់ក៏ដោយ ។ សព្វថ្ងៃ បងស្រីចិញ្ចឹមមាន់បានចំនួន ៧ ក្បាល ហើយទទួលបានកូនលក់ពី ២ ទៅ ៣ សារក្នុងមួយសំបុក ដែលជាមធ្យមក្នុងមួយសំបុកមាន ១០ ក្បាល ។ សរុបមក ស្លឹកស្តៅអាចប្រើជាឱសថព្យាបាលជំងឺរាតត្បាតលើមាន់បាន ហើយមិនចាំបាច់តែរដូវជំងឺរាតត្បាតនេះមកដល់ទេ ។ បងប្អូនកសិករគួរការពារវាជាមុន ដូចបទពិសោធន៍ជាក់ស្តែងរបស់បងស្រី ទុំ កាង ខាងលើ ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment